បណ្ណសារចំណាត់ក្រុម៖ ស្វែងយល់ពីពាក្យខ្មែរ
ស្វែងយល់ពីពាក្យខ្មែរ ៖ កកែង កកោង

ថ្ងៃ
នេះខ្ញុំលើកយកពាក្យជាបរិវាស័ព្ទមកបង្ហាញអ្នកទាំងអស់គ្នាជា
បន្ដទៀត។បរិវាស័ព្ទគឺជាស័ព្ទដែលប្រើសម្រាប់ហែហមភ្ជាប់នឹងស័ព្ទ
ដើមក្នុងចំណោមកន្សោមពាក្យនីមួយៗ
ពោលគឺប្រៀបធៀបដូចជាបរិវារដើម្បី សម្រួលដល់សម្ដីនិយាយ
និងសំឡេងពិរោះផ្ដួលតាមសំឡេងស័ព្ទដើម
ឲ្យមានភាពចាប់ចុងជួនសម្រួលដល់ការស្ដាប់ និង
ដើម្បីពន្យល់ន័យសេចក្ដីនៃពាក្យខាងដើមឲ្យច្បាស់។ បរិវាស័ព្ទ ឬ
ពាក្យគន្លាស់កាត់នេះយើងមិនចេះតែគន្លាស់តាមការនឹកឃើញនោះទេ
គឺគន្លាស់ឲ្យត្រូវន័យនៃពាក្យផង។ជាទូទៅក្នុងបរិវាស័ព្ទនេះ
ពាក្យខាងដើមជាពាក្យដែលមានអត្ថន័យ
រីឯពាក្យខាងចុងដែលត្រូវយកមកគន្លាស់
នោះឥតមានអត្ថន័យច្បាស់លាស់ទេ
គឺគ្រាន់យកមកដើម្បីបញ្ជាក់ន័យនៃពាក្យខាងដើម។
ខាងក្រោមនេះជាបរិវាស័ព្ទនៃពាក្យកកែង ៖

យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ទំព័រ ២ ជួរខាងស្ដាំ បន្ទាត់ទី ៧ ៖
កកែង កកោង (គុ. ឬ ន.)កិរិយាពុំគប្បី . កោង, ព្រហើន, ឥតមាន លំអុតលំឱន ។
អាស្រ័យហេតុនេះ បរិវាស័ព្ទនៃពាក្យកកែង អាចគន្លាស់បានជាពាក្យ ” កកែង ធ្វើ ឫកដូចព្រះស្ដោង” គឺ “កកោង ធ្វើឫកដូចព្រះស្ដែង “ មានន័យថា សម្ដែងឫកដូចអ្នកធំសម្បើមណាស់ ។
ដោយ៖ បូណា
ស្វែងយល់ពីពាក្យខ្មែរ ៖ កាន់ កណ្ឌ និង ក័ណ្ឋ

ថ្ងៃ
នេះខ្ញុំលើកយកពាក្យចំនួនបីទៀត ដែលមានសូរដូចគ្នា
ប៉ុន្តែន័យនៃពាក្យខុសគ្នា មកបង្ហាញដើម្បីជាគតិ និង
ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង
សម្រាប់ជាការពិចារណា ទាំងអស់គ្នាក្នុង ភាសាជាតិយើង។
ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងបី ៖

កណ្ឌ(ន. បា) ព្រួញ; គ្រាប់កាំភ្លើង ; ទង់ ;ដើម ; សេចក្ដីកំណត់ ;បរិច្ឆេទ ;វគ្គ ; ខ្សែ ។ ឧទាហរណ៍ ៖រឿងមហាវេស្សន្ដរជាតកមាន ១៣ កណ្ឌ។
ក័ណ្ឋ(ន. បា) មានន័យថា ˝ក˝រីឯ ន័យក្លាយថា ˝ក្បាល˝។
ឧទាហរណ៍ ៖ទសក័ណ្ឋ ជាឈ្មោះយក្សក្នុងរឿងរាមកេរ្ដិ៍
ដែលមានក្បាលដប់ ។ ខ្លះហៅថា ទសមុខ ក៏មានដែរ គឺសំដៅលើ
ក្រុងរាពណ៍ ។
សង្ឃឹម
ថា ក្រោយពីបានយល់ដឹងច្បាស់នូវពាក្យទាំងបីនេះ
វានឹងបានជាប្រយោជន៍ដល់ខ្មែរទាំងអស់គ្នា
ក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ៕
ដោយ៖ បូណា
ស្វែងយល់ពីពាក្យខ្មែរ ៖ បេឡា

ថ្ងៃនេះខ្ញុំលើកយកពាក្យមួយមកបង្ហាញអ្នកទាំងអស់គ្នាដើម្បី ជាគតិក្នុងការគិតពិចារណា។ ពាក្យដែលនឹងត្រូវលើកយកមកនេះគឺពាក្យ ” បេឡា” ជាពាក្យដែលប្រជាជាតិខ្មែរភាគច្រើន បញ្ចេញសំឡេងខុស ដោយអានថាបេឡា តាមពិតយើងត្រូវអានថាប៉េឡាទើបត្រឹមត្រូវ។

ដោយសារតែពាក្យនេះយកមកពីភាសាសំស្ក្រឹត និង បាលី ដូច្នេះយើងមិនអាចថា បេឡា
បានទេ ព្រោះក្នុងភាសាសំស្ក្រឹត និង បាលី ឥតមានសំឡេង ប និង
បៈ ទេ គឺមានតែសំឡេង ប៉ និង ប៉ៈ អាស្រ័យហេតុនេះទើបត្រូវអានថា ប៉េឡា ។
បេឡា(
បា. ; សំ. បេឌា ) កំប្រោង , ហិប ។ ហិប ប្រាក់ ( បារ. Caisse
) ។ បេឡាធិការ ឬ -ការី អ្នក កាន់ កាប់ ហិប ប្រាក់ , អ្នកទទួល
ថែរក្សា ហិបប្រាក់ ( បារ. Caissier )។ បើ ស្ត្រី ជា បេឡាធិការិនី
។
សង្ឃឹមថា ក្រោយពីបានជ្រាបហើយ នឹងបញ្ចេញសំឡេងនៃការអាន និង និយាយ បានត្រឹមត្រូវគ្រប់ៗគ្នា ។ដោយ៖ បូណា
ស្វែងយល់ពីពាក្យខ្មែរ ៖ កល កល់ និង កលហ៍

ថ្ងៃ នេះខ្ញុំលើកយកពាក្យចំនួនបី ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នា មកបង្ហាញដើម្បីជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណា ទាំងអស់គ្នាក្នុង ភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងបី ៖

កល(ន) ( សំ. កល ន. ឬ គុ. “មាយា ; កោង ; មានពុត…”)ឧបាយយ៉ាងល្អិត , ល្បិច (ឧបាយកល ) : ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ ។
យោងតាមវចនានុក្រមខ្មែរ ទំព័រទី ២៨ បន្ទាត់ទី១៦ ខាងស្ដាំ
កល់ (កិ) ទ្រពីក្រោម , ស៊ែមពីក្រោមដើម្បីឲ្យស្មើមិនឲ្យល្អៀង ឬដើម្បីឲ្យហើបឲ្យខ្ពស់ឡើង : ដាក់កំណល់ កល់ឲ្យខ្ពស់ឡើង ។ ឧទាហរណ៍៖ ចូរអ្នកយកដុំឈើមកកល់តុនេះ ឲ្យខ្ពស់ឡើង។
យោងតាមវចនានុក្រមខ្មែរ ទំព័រទី ២៩ បន្ទាត់ទី១ ខាងឆ្វេង
កលហ៍ ឬ កលហៈ( សំ. បា. ) ជម្លោះ : កើតមានកលហៈនឹង គ្នា គឺ កើតមានជម្លោះនឹង គ្នា ។
សង្ឃឹមថា ក្រោយពីយល់ដឹងនូវពាក្យទាំងបីនេះ វានឹងបានជាប្រយោជន៍ដល់ខ្មែរទាំងអស់គ្នា ។
ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង

សប្ដាហ៍នេះខ្ញុំលើកយកពាក្យ “សំឡេង “ មកពន្យល់ និង ពិភាក្សាគ្នា។ ដោយឃើញខ្មែរយើងភាគច្រើនសរសេរពាក្យ៖ “សំឡេង “មិនត្រឹមត្រូវទេ ដោយខ្លះសរសេរ “សម្លេង“រីឯខ្លះទៀតសរសេរ “សំលេង“ដែល
ទាំងនេះប្រាសចាកពីក្បួនច្បាប់ និង វចនានុក្រមខ្មែរ
អាស្រ័យហេតុនេះទើបខ្ញុំលើកយកពាក្យខាងលើមកបង្ហាញជូនដើម្បី
ជ្រាបទាំងអស់គ្នា និង
ដើម្បីជាគតិក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

សំឡេង ( ន. ) សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែល លាន់ឮ : សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ–ក្រឪ សំឡេងលាន់ឮវ៉ៅគ្រលួច ។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេងស្អា សំឡេងគគ្រាតមិនស្អាត ។ល។
សង្ឃឹម
ថាក្រោយពីជ្រាប អត្ថន័យនៃពាក្យ និង
យល់ដឹងតាមក្បួនវចនានុក្រមខ្មែររួចហើយ
យើងនឹងសរសេរឲ្យបានត្រឹមត្រូវទាំងអស់គ្នា ។
យើងសរសេរជាព្យាង្គតម្រួតមិនត្រូវទេ ហើយសរសេរថា សំលេង
ក៏មិនត្រូវដែរ។
ដោយ៖ បូណាអត្ថបទទាក់ទង៖
ស្វែងយល់ពីពាក្យខ្មែរ ៖ ខ្មែរនីយកម្ម ខេមរនីយកម្ម និង ខេមរយានកម្ម

ថ្ងៃនេះខ្ញុំលើកយកពាក្យចំនួន ៣ មកបង្ហាញអ្នកទាំងអស់គ្នា ដែលក្នុងនេះរួមមានពាក្យដូចជា ៖ ខ្មែរនីយកម្ម ខេមរនីយកម្ម និង ខេមរយានកម្ម ។ ពាក្យថា“នីយកម្ម” គឺជាពាក្យបាលីដែលមាន ន័យ ថាធ្វើឲ្យទៅជា។តាមរយៈនេះយើងអាចផ្សំពាក្យខ្មែរ ឬ បាលីមួយចំនួនជាមួយនឹងពាក្យផ្សេងទៀតដើម្បីបង្កើតបាន ជាពាក្យថ្មីមួយមានអត្ថន័យគ្រប់គ្រាន់សមស្របអាចទទួលយកបានក្នុងភាសាជាតិរបស់ យើង។ ខាងក្រោមនេះគឺជាសេចក្ដីពន្យល់អំពីន័យនៃពាក្យទាំង ៣ ៖

ខេមរនីយកម្ម ក៏មានន័យថាធ្វើឲ្យទៅជាខ្មែរដែរ ។ពាក្យនេះកើតចេញពីការផ្សំ រវាងពាក្យជាភាសាបាលី “ខេមរៈ” បូកនឹង ពាក្យជាភាសាបាលី “នីយកម្ម” ។ ពាក្យនេះត្រូវបានបង្កើតឡើងដោយលោក សាស្ដ្រចារ្យបណ្ឌិត កេង វ៉ាន់សាក់ នាសម័យ មុន។
ខេមរយានកម្ម មានន័យថាការប្រើប្រាស់ភាសាខ្មែរជាយាន។ នាសម័យដើម អត្ថបទផ្សេងៗក្នុងវិស័យអប់រំភាគច្រើនសុទ្ធតែជា ភាសាបរទេស ពិសេសភាសាបារាំងភាគច្រើន អាស្រ័យហេតុនេះការធ្វើ ខេមរយានកម្មគឺមានន័យថាយើងបកប្រែពាក្យ ពីភាសាបរទេសមានបារាំងជាដើមមកជាភាសាខ្មែរ ហើយទុកជាយាន សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយដើម្បីរៀន សូត្រ តទៅ មុខទៀត។ពាក្យនេះ ត្រូវបានបង្កើតឡើងដោយលោកសាស្ដ្រចារ្យបណ្ឌិត កេង វ៉ាន់សាក់ នាសម័យ មុន។
សរុបសេចក្ដីមក ពាក្យថា “ខ្មែរនីយកម្ម“និង “ខេមរនីយកម្ម“ មានអត្ថន័យដូចគ្នា ប៉ុន្ដែយើងអាចប្រើប្រាស់បាន នៅក្នុងបរិបទខុសគ្នា។ ពាក្យទាំងពីរខាងលើ ខ្ញុំយល់ឃើញថាមានភាពត្រឹមត្រូវដូចគ្នា អាចទទួលយកបាន ទាំងពីរពាក្យក្នុងការប្រើប្រាស់ក្នុងភាសាជាតិយើង។ បណ្ឌិតសម័យដើមលោកផ្ដោតលើការបូកភាសាបាលីនិងបាលី ដោយមិនចង់ប្រើភាសាខ្មែរទៅបូកជាមួយបាលីដែលមិនត្រូវក្បួន ប៉ុន្ដែបណ្ឌិតសម័យថ្មីលោកគិតទៅលើបរិបទ នៃការប្រើប្រាស់ពាក្យ ដូច្នេះត្រូវម្យ៉ាងដែរ។ ទាំងពីរពាក្យនេះសុទ្ធតែមានន័យគ្រប់គ្រាន់អាចទទួលយកបាន ហើយសមស្របនឹងភាសាជាតិយើង។ រីឯពាក្យ “ខេមរយានកម្ម“ មានន័យជាការប្រើប្រាស់ភាសាខ្មែរជាយានក្នុងការសិក្សា ព្រោះពីមុនអត្ថបទភាគច្រើនជាភាសាបារាំង ដូចជា៖ គណិតវិទ្យា រូបវិទ្យា ជាដើមដែលទាមទារ ឲ្យយើងប្រែសម្រួល មកជាភាសាខ្មែរដើម្បីងាយស្រួលដល់អ្នកសិក្សាទូទៅ។
ដោយ៖ បូណា
អត្ថបទទាក់ទង៖
- ស្វែងយល់ពីពាក្យខ្មែរ ៖ សន្លាង និង ស្រឡាង
- ស្វែងយល់ពីពាក្យខ្មែរ ៖ គប់គិត និង ឃុបឃិត
- ស្វែងយល់ពីពាក្យខ្មែរ ៖ ក, ក៏, ករ និង ករណ៍
- ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច
