ជីវប្រវត្តិរបស់បងប្រុស សុខ ចាន់ផល
ខ្ញុំរស់នៅក្នុងផ្ទះខ្ពស់
ពីដីប្រហែលមួយម៉ែត្រ ដំបូលប្រក់អៀងប៉ាន់ធ្លុះ
ជញ្ជាំងផ្ទះជាបន្ទះឈើចាស់ៗកាន់ស្លែពណ៌បៃតង។
នៅខាងក្រោយផ្ទះនោះមានផ្ទះបាយតូចមួយ
ហើយមានដើមព្នៅមួយដើមឈរក្បែរ។ នោះជាផ្ទះយាយតារបស់ខ្ញុំ
តែមិនចាំថាគ្រួសារយើងមានគ្នាប៉ុន្មាននាក់ទេ
គ្រាន់តែនឹកឃើញពីតុទាបមួយ
ដែលយើងអង្គុយទទួលទានបាយជុំគ្នានាពេលយប់
ដោយដាក់ចង្កៀងប្រេងកាតមួយនៅចំកណ្ដាល។
រាល់យប់ខ្ញុំដេកក្នុងមុងក្បែរយាយនៅកណ្ដាលផ្ទះ
ហើយមានយប់មួយនោះ ម្ដាយខ្ញុំមកលេងផ្ទះ
និងបានទិញកូនឡានតូចមួយមកផ្ញើខ្ញុំ…
ទាំង
នេះជាពិភពលោកដំបូងដែលខ្ញុំចាំបាន។
ខ្ញុំដើរទៅងូតទឹកទន្លេនៅខាងក្រោយផ្ទះ
និងដើរទៅរៀននៅសាលាបឋមសិក្សា
ដែលមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីផ្ទះ។
ខ្ញុំចូលរៀនពេលអាយុប្រាំពីរឆ្នាំ នៅសាលាបឋមសិក្សាសំបួរមាស «ក» ។
ក្មេងៗរៀនជាមួយខ្ញុំចូលចិត្តធ្វើបាបខ្ញុំណាស់។
ពួកគេដណ្ដើមនំខ្ញុំស៊ី យកលុយខ្ញុំ
បោះសៀវភៅខ្ញុំចោលទៅក្រៅថ្នាក់ ហើយវ៉ៃខ្ញុំឱ្យយំទៀត។
ខ្ញុំខ្លាចអ្នកគ្រូ ខ្លាចសាលារៀន
ហើយក៏អត់ទៅរៀនអស់ប៉ុន្មានថ្ងៃ។
ដល់អ្នកផ្ទះបង្ខំឱ្យទៅរៀនវិញ
ខ្ញុំត្រូវគ្រូហៅឱ្យឈរពីមុខក្ដារខៀន
និងហៅសិស្សទាំងអស់មកវ៉ៃខ្ញុំម្ដងម្នាក់ៗ ឱ្យគ្រប់មួយរយរំពាត់
ជាការពិន័យខ្ញុំដែលគេចរៀនយូរថ្ងៃ។
ពេលសិស្សទាំងនោះកំពុងវ៉ៃខ្ញុំ ខ្ញុំក៏ស្រែកយំ
ធ្វើឱ្យពួកគេឈប់វ៉ៃ ហើយចាប់ពីថ្ងៃនោះខ្ញុំក៏ឈប់ទៅរៀន។
នឹកឃើញរឿងនោះ ខ្ញុំប្រហែលមិនមែនជាក្មេងគួរឱ្យស្រលាញ់ទេ
ព្រោះសូម្បីតែនៅផ្ទះក៏តាខ្ញុំតែងតែសម្លុតខ្ញុំគួរឱ្យខ្លាច
ឯពូខ្ញុំវិញក៏តែងតែរករឿងធ្វើបាបខ្ញុំ។
ហេតុនេះខ្ញុំតែងសម្លឹងមើលមេឃ មើលភ្លៀង
ដូចខំស្វែងរកអ្នកណាម្នាក់ដែលព្រមស្រលាញ់ការពារខ្ញុំ។
ខ្ញុំ
ជាក្មេងកំព្រាឪពុក តែខ្ញុំមិនដែលហ៊ានសួររកឪពុកខ្ញុំទេ
ក៏ប៉ុន្តែនៅពេលខួរក្បាលចាប់ផ្ដើមចេះគិត
ត្រចៀកចេះស្ដាប់យល់ភាសាមនុស្ស
ខ្ញុំក៏បានដឹងពីប្រវត្តិខ្លួនឯងតាមអ្នកជិតខាង។
ម្ដាយឪពុកខ្ញុំបានលែងលះគ្នាតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ
ហើយចាស់ៗក្នុងភូមិចេះតែសួរខ្ញុំថា
តើខ្ញុំចង់ឱ្យគាត់ជូនទៅលេងឪពុកខ្ញុំឬអត់?
ខ្ញុំមិនសូវចាប់អារម្មណ៍ពីរឿងជួបឪពុកទេ
ប៉ុន្តែនៅថ្ងៃមួយនោះខ្ញុំដើរកាន់បង្គីទៅធ្វើពលកម្មនៅសាលា
ក៏ឃើញឪពុកខ្ញុំជិះកង់ស្រែកហៅខ្ញុំ។ គាត់សួរឈ្មោះខ្ញុំ
និងហុចលុយឱ្យខ្ញុំ តែខ្ញុំភ័យក៏រត់គេចពីគាត់។
ម្ដាយខ្ញុំវិញតែងតែទៅរកស៊ីនៅខេត្តឆ្ងាយៗ
ស្ទើរតែខ្ញុំចំណាំមុខគាត់មិនបាន។ ឱ្យតែឮថាគាត់មកលេងផ្ទះ
ខ្ញុំក៏រត់យ៉ាងលឿនមកផ្ទះក្នុងអារម្មណ៍ចង់ឃើញមុខម៉ែ។
ពាក្យ«ម៉ែ»មានឥទ្ធិពលណាស់ក្នុងអារម្មណ៍ក្មេងៗ
ព្រោះគ្រប់ពេលខ្ញុំតូចចិត្តនឹងមនុស្សជុំវិញខ្លួនដែលមិន
ស្រលាញ់ខ្ញុំ ខ្ញុំក៏លួងខ្លួនឯងថា
ខ្ញុំនៅមានម៉ែម្នាក់នឹងគេដែរ។ ខ្ញុំសម្លឹងមុខម៉ែដោយលួចលាក់
ដើម្បីចំណាំមុខគាត់។ ម្ដាយកូនយើងមិនសូវស្និទ្ធស្នាលនឹងគ្នាទេ
តែពេលដឹងថា គាត់ជាម្ដាយរបស់ខ្ញុំ
ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់។
ទីកន្លែង
កំណើតរបស់ខ្ញុំ គឺ ភូមិសំបួរមាស «ក» ឃុំពាមជីកង ស្រុងកងមាស
ខេត្តកំពង់ចាម។ ពេលណាម្ដាយខ្ញុំមកលេងស្រុកម្ដងៗ
ញាតិជិតខាងតែងតែខ្សឹបប្រាប់ម្ដាយខ្ញុំថា
អ្នកផ្ទះធ្វើបាបខ្ញុំណាស់ គួរតែគាត់យកខ្ញុំដើរតាមវិញ។
កាលណោះខ្ញុំអាយុប្រាំបួនឆ្នាំ ទើបតែចូលកងថ្នាក់ទីពីរ
ក៏បានចាកចេញពីស្រុកកំណើត ទៅកាន់ខេត្តបាត់ដំបងជាមួយម៉ែ។
ព្រោះសុខភាពខ្ញុំខ្សោយ ពេលជិះឡានឆ្លងខេត្តនោះ ខ្ញុំពុលឡាន
ក្អួតតាមផ្លូវរហូត។ ទៅដល់បាត់ដំបង
ម៉ែនាំខ្ញុំទៅរស់នៅជាមួយសាច់ញាតិខាងឪពុកគាត់
រួចក៏ទៅស៊ីឈ្នួលនៅផ្ទះអ្នកលក់បាយម្នាក់។ គ្រានោះដែរ
ខ្ញុំក៏ក្លាយជាក្មេងទូលនំលក់នៅតាមផ្សារ
ប៉ុន្តែរស់នៅខេត្តនោះបានមួយរយៈ
ម៉ែក៏បាននាំខ្ញុំទៅរស់នៅខេត្តរតនគីរីម្ដង។
ការធ្វើដំណើរលើកនោះ គឺត្រូវដេកផ្លូវនៅខេត្តស្ទឹងត្រែងមួយយប់។
ឡានដែលដឹកអ្នកដំណើរនោះខ្ពស់ៗណាស់ ហើយអត់មានដំបូលទេ
ពេលមេឃភ្លៀងក៏នាំគ្នាលាតង់មកបាំង។
ឡានបើកកាត់ផ្លូវព្រៃទាំងយប់ រួចក៏ឮស្នូរកាំភ្លើងផ្ទុះ។
ពួកយើងបានជួបចោរព្រៃពីរលើក ប៉ុន្តែគេថាចោរព្រៃទាំងនោះស្លូតៗ
ព្រោះគ្រាន់តែទារលុយ និងគ្រឿងអលង្ការប៉ុណ្ណោះ មិនបានធ្វើបាប
ឬសម្លាប់មនុស្សឡើយ។
ទៅដល់រតនគីរីដំបូង
ម៉ែបានធ្វើការក្នុងហាងគុយទាវមួយរបស់មាគាត់ម្នាក់។
ខ្ញុំបានចូលរៀនថ្នាក់ទីបី នៅសាលាបឋមសិក្សាឡាបានសៀក។
រាល់ព្រឹកខ្ញុំដើរកាត់ព្រៃទៅសាលាម្នាក់ឯង
ដើរកាត់ធាតុអាកាសត្រជាក់ប្រកបដោយស្បៃអ័ព្ទ
ហើយក៏ផ្លុំផ្សែងចេញពីមាត់លេង។ នៅស្រុកបានលុងនោះ
ខ្ញុំចូលចិត្តតាមសម្លឹងមើលជនជាតិភាគតិច ហើយក៏នឹកអាណិត
ពេលដឹងថាខ្មែរយើងខ្លះមាក់ងាយពួកគេ។
ខ្ញុំជាប់ចិត្តនឹងសាលារៀននៅស្រុកនោះណាស់
ដែលរៀងរាល់ព្រឹកមានគេលក់បាយកញ្ចប់ស្លឹកចេកតូចៗ
ជាប្រភេទអាហារជនជាតិភាគតិច
ហើយខ្ញុំក៏បានរាប់អានមិត្តរួមថ្នាក់ម្នាក់ជាជនជាតិឡាវទៀតផង។
រាល់សប្ដាហ៍លោកគ្រូតែងនាំសិស្សដើរចូលក្នុងព្រៃ
ដើម្បីមើលធម្មជាតិ ហើយចាំថាសាលារៀននៅទីនោះ
គឺច្រៀងបទគោរពទង់ជាតិ ទាំងបីវគ្គ។ ពេលឈប់នៅហាងលក់គុយទាវ
ម៉ែបានជួលផ្ទះនៅមុខសាលារៀន ហើយគាត់ខំលក់ដូរចំណីក្នុងសាលានោះ
តែខ្ញុំមិនទាន់ទាំងរៀនចប់ថ្នាក់ទីបីផង
ពួកយើងក៏ត្រឡប់មកស្រុកកំណើតវិញ ព្រោះទទួលដំណឹងថា
ជីតាខ្ញុំឈឺ។
ពេលវេលានោះខ្ញុំធ្វើរឿង
គ្រប់យ៉ាងដោយខួរក្បាលទទេស្អាត
ប៉ុន្តែព្រោះតែការផ្លាស់ប្ដូរទីលំនៅច្រើន
ខ្ញុំក៏ផ្ដើមស្គាល់ចិត្តស្រណោះ។ ក្នុងនិស្ស័យជាក្មេងឯកោ
និងក្បាលរឹងម្នាក់ អ្នកខ្លះក៏មិនសូវចូលចិត្តខ្ញុំដែរ។
ខ្ញុំចូលចិត្តនៅម្នាក់ឯង និងគិតពីជីវិតគ្រប់ពេល។
តាខ្ញុំស្អប់ខ្ញុំ មិនចង់និយាយស្ដីរកខ្ញុំទេ ហើយដៀលខ្ញុំថា
ខ្ញុំរៀនអីក៏មិនចេះដែរ ព្រោះខ្ញុំមិនព្រមស្ដាប់គ្រូ។
រស់
នៅជាមួយតាយាយមិនបានប៉ុន្មាន
ខ្ញុំក៏បានតាមម៉ែទៅរស់នៅខេត្តក្រចេះជាមួយម្ដាយមីងខ្ញុំ
ដែលប្រកបរបរលក់បាយម្ហូបនៅមុខផ្សារក្រចេះ។
ខ្ញុំបានជួយធ្វើការនៅកន្លែងលក់បាយនោះ
ហើយក៏បានចូលរៀនថ្នាក់ទីបួន នៅសាលាបឋមសិក្សាក្រចេះក្រុង។
ជីវិតរស់នៅជាមួយគេបែបនេះ
តែងតែកើតរឿងអន់ចិត្តរហូតដល់រើចេញចៀសមិនផុត
ហើយនៅពេលវ៉ាកងតូច ខ្ញុំក៏ឈប់រស់នៅក្រចេះ។
ម្ដាយខ្ញុំតែងស្ដីឱ្យខ្ញុំថា ខ្ញុំធ្វើឱ្យគាត់ពិបាកណាស់
នៅកន្លែងណាមិនបានសុខក៏ព្រោះតែខ្ញុំ បើគ្មានខ្ញុំ
គាត់មិនពិបាកទេ។ ខ្ញុំចាប់ផ្ដើមនឹកតូចចិត្តថា
ខ្លួនឯងកើតមកត្រឹមតែជាសំពាយរបស់ម្ដាយ
សោតឯសាច់ញាតិក៏មិនសូវស្រលាញ់ខ្ញុំទៀត។
ទោះ
យ៉ាងណា ខ្សែជីវិតខ្ញុំប្រាកដជាបានគូសដៅរួចជាស្រេចទៅហើយ។
ម៉ែនិងខ្ញុំបានទៅដល់ស្រុកស្រែអំបិល
គឺជាពេលដែលខ្ញុំបានឃើញទឹកសមុទ្រលើកដំបូង។
រស់នៅស្រុកនោះប៉ុន្មានថ្ងៃ ម៉ែបានលក់បាយកញ្ចប់នៅកំពង់ផែ
ហើយបន្ទាប់មកពួកយើងក៏បានជិះទូកចេញពីកំពង់ផែនោះទៅកាន់ខេត្ត
កោះកុង ។ ការធ្វើដំណើរតាមទូកកាត់សមុទ្រកាលគ្រានោះ
គឺជារឿងប្រថុយនឹងជីវិត។ ម្ដាយខ្ញុំគាត់មិនស្ដាយជីវិតទេ
ឯខ្ញុំក៏យល់ថាការស្លាប់រស់ជារឿងធម្មតាដែរ
ប៉ុន្តែការពុលរលកទើបជារឿងដែលខ្ញុំខ្លាច។
រាល់ពេលធ្វើដំណើរផ្លូវឆ្ងាយខ្ញុំតែងតែពុលឡានស្ទើរស្លាប់រស់
ឯលើកនោះវិញខ្ញុំក៏ជួបនឹងការដេកពុលលើទូកកណ្ដាលសមុទ្រ
មើលមិនឃើញត្រើយ។ ពិបាកខ្លួនខ្លាំងពេក
ខ្ញុំសឹងតែចង់លោតចូលទៅក្នុងទឹកសមុទ្រឱ្យស្លាប់
ហើយពិតជាស្រណោះខ្លួនណាស់ ព្រោះពេលនោះមេឃក៏ធ្លាក់ភ្លៀងទៀត។
ទូកអត់ដំបូលទេ ខ្ញុំក៏ជ្រកក្រោមតង់
ដោយអើតក្បាលមើលខាងក្រៅដែលយល់តែទឹកគ្រប់ទិស។
ទូក
ទៅដល់ស្រុកដងទង់ ប្រហែលជាម៉ោងដប់យប់
និងឃើញមានម៉ូតូឌុបជាច្រើនមកចាំទទួល។
ម៉ែបានសុំផ្ទះអ្នកម៉ូតូឌុបម្នាក់សម្រាកបានដល់មេឃភ្លឺ។
បន្ទាប់មកពួកយើងក៏បានទៅជួលរោងតូចមួយនៅមាត់ផែអូប័រ
ដោយពេលថ្ងៃកន្លែងនោះសម្រាប់លក់បបរស និងពេលយប់ទុកជាគ្រែដេក។
គ្រែនោះមានសណ្ឋានជាទូ ដែលអាចដាក់អីវ៉ាន់ទុកខាងក្នុង
ឬក៏កូនក្មេងប៉ុនខ្ញុំអាចចូលដេកបាន។
ថ្ងៃមួយម៉ែបានជួបសាច់ញាតិដែលយើងធ្លាប់រស់នៅជាមួយឯខេត្ត
បាត់ដំបង រួចក៏សម្រេចចិត្តទៅជួលផ្ទះនៅជុំគ្នា។
កាលណោះម៉ែបានទិញធុងទឹកកកពណ៌ក្រហមតូចមួយ
និងកណ្ដឹងមួយឱ្យខ្ញុំ។ ខ្ញុំបានដើរតាមគេទៅរោងចក្រការ៉េម
ហើយឈរមើលគេស្ងៀម
រហូតដល់ចុងក្រោយទើបទទួលបានការ៉េមម្ភៃដើមមកអង្រួនកណ្ដឹងលក់។
ថ្ងៃនោះខ្ញុំលក់ការ៉េមអស់ ហើយចំណេញបានប្រាក់ប្រាំបីរយរៀល
រួចគិតជាមួយម៉ែទាំងត្រេកអរថា
ស្អែកនឹងទទួលការ៉េមឱ្យច្រើនជាងនេះ
ហើយម៉ែក៏ទៅទទួលការ៉េមលក់ដូចខ្ញុំដែរ។
រដូវ
ផ្លាស់ប្ដូរ ភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ លក់ការ៉េមលែងកើត
ម៉ែក៏ធ្វើនំឱ្យខ្ញុំទូលលក់ម្ដង។
ថាសរបស់ខ្ញុំគឺតូចជាងថាសរបស់ម៉ែ។ ពេលភ្លៀងកំពុងរលឹម
ខ្ញុំពាក់អាវភ្លៀវ ទទូលឆ័ត្រកន្ដៀតថាសនំក្រូចដើរលក់។
ខ្ញុំដើរទៅមាត់សមុទ្រ សង្ឃឹមអ្នកនៅលើទូកនេសាទស្រែកហៅទិញ។
ពេលឮគេស្រែកហៅម្ដងៗ ខ្ញុំអរណាស់
ខំដើរឆ្លងស្ពានតូចទៅលក់ឱ្យគេ
ទាំងញ័រជើងខ្លាចរអិលធ្លាក់ចូលសមុទ្រ។
ជួនកាលគេទិញនំទាំងអស់ ខ្ញុំក៏រត់មកផ្ទះវិញទាំងអរកខិបកខុប
តែជួនកាលមិនទាន់ទាំងលក់ដាច់នំមួយផង
ខ្ញុំបែរជាដើររអិលដួលធ្លាក់កំពប់នំអស់មួយថាស។
ក្រោយមកពួកយើងឈប់នៅផ្ទះជួលចូលគ្នា
ដោយផ្លាស់ទៅជួលផ្ទះខ្ទមមួយនៅវិញ
ហើយម៉ែក៏ចេះតែធ្វើនំចំណីផ្សេងៗដើរលក់
ឬក៏ទទួលនំពីគេយកមកលក់ក៏មាន។ រាល់យប់នៅក្នុងខ្ទមនោះ
មានសត្វពស់ថ្លាន់ធំមួយចេញមកចាប់កណ្ដុរ
ហើយយប់ខ្លះខ្ញុំថែមទាំងឃើញពស់នោះវារតាមរបារជញ្ជាំងក្បែរមុង
ដែលយើងកំពុងតែដេកទៀតផង។
ខ្ញុំរស់នៅឯខេត្តកោះកុង
ប្រហែលមួយឆ្នាំ ដោយមិនបានចូលសាលារៀនឡើយ
បានត្រឹមដើរលក់នំក្បែររបងសាលារៀនប៉ុណ្ណោះ។
ផ្ទះចុងក្រោយរបស់ខ្ញុំគឺនៅក្នុងរោងចក្រការ៉េម
ដែលខ្ញុំធ្លាប់ទៅទទួលយកមកលក់។
មីងថៅកែការ៉េមនោះស្រលាញ់ខ្ញុំណាស់ ហើយគាត់ប្រាប់ម៉ែខ្ញុំថា
គាត់មាននិស្ស័យនឹងខ្ញុំតាំងពីថ្ងៃខ្ញុំមករោងចក្រនេះដំបូង
ព្រោះគាត់ឃើញខ្ញុំមានឫកពាស្ងៀមស្ងាត់ចម្លែកពីគេឯង។
មុខរបរថ្មីមួយទៀតរបស់ម៉ែគឺរែកនំបញ្ចុកលក់
ដោយខ្ញុំជាអ្នកយួរធុងទឹកដើរតាម។ ម្ដុំរោងចក្រចាស់នោះ
គេហៅថាភូមិបួន ហើយខ្ញុំបានធ្វើសួនផ្កាសិរមាន់មួយនៅទីនោះ
រួចក៏ឃ្លាតពីខេត្តនោះក្នុងពេលផ្កាសិរមាន់ទាំងឡាយចាប់ផ្ដើម
ចេញផ្កា។
ខ្ញុំត្រឡប់មកដល់ស្រុកកំណើត
និងចូលរៀនថ្នាក់ទីប្រាំនៅសាលាបឋមសិក្សាពាមជីកង។
ខ្ញុំនៅតែជាក្មេងកំសាកម្នាក់ដែលខ្លាចគេ
ប៉ុន្តែខ្ញុំក៏ក្លាយជាសិស្សពូកែដែលសិស្សរួមសាលាកោតសរសើរ។
សាលារៀនគឺជាកន្លែងដ៏មានកិត្តិយសសម្រាប់ខ្ញុំ
ខុសពីនៅផ្ទះដែលជីតាខ្ញុំចេះតែមានគំនុំស្អប់ខ្ញុំមិនបាត់។
ពេលនោះផ្ទះចាស់ទីកំណើតខ្ញុំបានប្ដូរជាផ្ទះក្បឿងថ្មី។
ពេលមិនទៅរៀន ខ្ញុំតែងតែទៅចម្ការជាមួយម្ដាយខ្ញុំ
ដើម្បីកុំឱ្យតាខ្ញុំរករឿងថា ខ្ញុំខ្ជិលធ្វើការ
តែស៊ីខ្លាចចាញ់គេ។ ខ្ញុំគ្មានអារម្មណ៍កក់ក្ដៅសោះ
ក៏មិនចេះស្រលាញ់ផ្ទះដែរ
ព្រោះគ្រប់ពេលនៅផ្ទះភ្នែកខ្ញុំដូចនៅតែកញ្ចឹងក
ធ្វើអីក៏ខ្លាចគេស្ដីឱ្យ។
ម្ដាយខ្ញុំក៏មិនចុះសម្រុងជាមួយឪពុកគាត់ដែរ
ហើយទ្រាំមិនបានម៉ែក៏ធ្វើផ្ទះខ្ទមមួយក្នុងចម្ការរស់នៅពីរ
នាក់ខ្ញុំ។ ខ្ញុំបានចូលរៀនថ្នាក់ទីប្រាំពីរនៅវិទ្យាល័យពាមជីកង
ចំណែកម្ដាយខ្ញុំរកស៊ីជួញផ្លែក្រូចឆ្មារយកទៅលក់នៅទីក្រុង។
ពេលម៉ែមិននៅផ្ទះម្ដងៗ ខ្ញុំក៏ដើរបេះត្រកួននៅក្នុងចម្ការ
ឬតាមវាលស្រែ យកមកឆាជាមួយប្រេងឆាធ្វើម្ហូប។
វេលា
វ៉ាកងថ្នាក់ទីប្រាំបី
ម៉ែក៏សម្រេចចិត្តទៅរស់នៅខេត្តក្រចេះជាលើកទីពីរ
ដោយប្រាប់ឱ្យខ្ញុំផ្ទេរការសិក្សា។
គ្រានោះខ្ញុំអាឡោះអាល័យសាលារៀនណាស់ តែគ្មានជម្រើស
ព្រោះបើមិនតាមម្ដាយក៏មិនហ៊ានរស់នៅផ្ទះជាមួយជីតាដែរ។
ខ្ញុំនៅតែរស់នៅជាមួយគ្រួសារម្ដាយមីងអ្នកលក់បាយ
ដែលពេលនោះគាត់បានបើកហាងធំជាងមុន
រួចខ្ញុំក៏បានចូលរៀនថ្នាក់ទីប្រាំបួននៅអនុវិទ្យាល័យក្រចេះ
ក្រុង។ ខ្ញុំតែងតែជិះកង់កាត់ខ្យល់ឡើងទួលទៅរៀន
ហើយក៏បានប្រឡងជាប់សិស្សពូកែអក្សរសាស្រ្តខ្មែរប្រចាំខេត្ត។
អ្វីដែលមិនធ្លាប់គិត ទេវតាក៏គិតឱ្យ តែអ្វីដែលខំប៉ងប្រាថ្នា
បែរជាគ្មានសំណាង។
ព្រោះតែកិត្តិយសថ្នាក់ទីប្រាំបួនធ្វើឱ្យខ្ញុំគិតជាប់រហូតថា
ថ្នាក់ទីដប់ពីរនឹងប្រឡងឱ្យជាប់សិស្សពូកែទូទាំងប្រទេស។
ខ្ញុំក៏ក្លាយជាសិស្សវិទ្យាល័យព្រះកុសុមៈ
ហើយចាប់អារម្មណ៍រៀនអក្សរសាស្រ្តលើសមុខវិជ្ជាផ្សេងៗ
ប៉ុន្តែអាយុខ្ញុំក៏ឈានដល់ដំណាក់កាលបរាជ័យ
ពោលដល់ពេលរៀនថ្នាក់ទីដប់ពីរ
សូម្បីតែសិស្សពូកែប្រចាំសាលាក៏ខ្ញុំប្រឡងមិនជាប់ផង
ព្រោះមានបញ្ហាគ្រូកាច់កុងគ្នាក៏កែវិញ្ញាសាខ្ញុំទម្លាក់។
ម្ដាយ
ខ្ញុំរស់នៅខេត្តក្រចេះប្រហែលមួយឆ្នាំ
ក៏បានត្រឡប់ទៅរស់នៅស្រុកជាមួយយាយតាវិញ
រីឯខ្ញុំបានតាំងចិត្តថានឹងរស់នៅទីនោះរហូតដល់ប្រឡងបាក់ឌុប
ជាប់។
ការសម្រេចចិត្តលើកនោះរឹតតែធ្វើឱ្យខ្ញុំបានស្គាល់ពីជីវិតច្រើន។
រស់នៅដូចបញ្ញើក្អែក ខ្ញុំប្រាប់ខ្លួនឯងថា
ជីវិតខ្ញុំកំពុងផ្ញើលើគេ
ត្រូវតែប្រព្រឹត្តខ្លួនឱ្យបានល្អបំផុត
រង់ចាំអនាគតពេលប្រឡងចប់វិទ្យាល័យ។ ពេលវេលានោះដើរយឺតបំផុត។
ព្រះអាទិត្យរះនិងលិច ខ្ញុំរាប់មិនរំលង។
ខ្ញុំហាក់រស់នៅក្នុងអារម្មណ៍
និងសម្លឹងមើលមនុស្សជុំវិញខ្លួនដោយដួងចិត្ត។
ខ្ញុំខ្លាចចិត្តគ្រួសារម្ដាយមីងខ្ញុំណាស់ ខ្លាចគាត់គិតថា
គាត់ចិញ្ចឹមខ្ញុំបំបង់បាយ
ឬឱ្យកន្លែងខ្ញុំដេកនាំតែចង្អៀតផ្ទះ។
ហេតុនេះខ្ញុំក៏ខំសងគុណពួកគាត់
ដោយរាល់ថ្ងៃខ្ញុំតែងជួយរត់តុនៅហាងលក់បាយរបស់មីង
ខ្ញុំម្នាក់ និងរៀបចំផ្ទះសម្បែងនៅផ្ទះមីងម្នាក់ទៀត
ដែលខ្ញុំទៅដេកនាពេលយប់។
សិស្សម្នាក់ដូចជាខ្ញុំនេះក៏លែងសូវចាប់អារម្មណ៍នឹងមេរៀនសាលា
រួចបែរជាងប់ងុលនឹងការវិភាគជីវិតស្ទើរគ្រប់ពេល
គ្រប់ទីកន្លែង។
ឆ្នាំ២០០៤
ខ្ញុំបានជាប់បាក់ឌុប និងមករៀនបន្តនៅភ្នំពេញ។
ដំបូងខ្ញុំរស់នៅក្នុងអន្តេវាសិកដ្ឋានសាលាគរុកោសល្យភូមិភាគ
រាជធានី ព្រោះពូខ្ញុំជាគរុសិស្សនៅទីនោះ។
ខ្ញុំក៏បានចូលរៀនមហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស
នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ហើយមានសំណាងជួបអ្នកមីងម្នាក់
ដែលគាត់អាណិតជួយខ្ញុំ
ឱ្យបានធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយ
តួនាទីជាគ្រូបង្រៀនក្មេងៗផ្ទុកមេរោគអេដស៍។
ធ្វើការនៅអង្គការនោះបានមិនដល់មួយឆ្នាំ ខ្ញុំក៏សុំឈប់
ព្រោះពិបាកសម្របខ្លួននឹងអ្នករួមការងារ និងមូលហេតុមួយទៀត
គឺខ្ញុំបានដាក់ពាក្យធ្វើជាអ្នកនិពន្ធទំនុកច្រៀងនៅផលិតកម្ម
មួយ ដោយជឿជាក់ថាខ្ញុំអាចធ្វើការងារនោះបាន។
ជាអកុសលខ្ញុំក៏ក្លាយជាមនុស្សទាត់ខ្យល់ តប់ប្រមល់នឹងជីវិត
រៀនសូត្រក៏លែងចូល
ហើយនោះក៏ជាពេលដែលខ្ញុំចាប់ផ្ដើមរៀនសរសេររឿងខ្លី។
គ្មានសង្ឃឹមនឹងរៀនចប់ថ្នាក់បរិញ្ញាបត្រ
ខ្ញុំក៏ប្ដូរទៅរៀនថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ
អាស៊ីអឺរ៉ុបវិញ
ហើយក្រោយមកទៀតក៏បន្តរៀនឆ្នាំទីបីនៅសាកលវិទ្យាល័យ
ធនធានមនុស្ស។
ខាងលើនេះជាខ្សែជីវិតខ្ញុំមុន
ពេលក្លាយជាអ្នកនិពន្ធ។ ខ្ញុំយល់ថា ជីវិតគឺជាការលះបង់
ដើម្បីទទួលយក។ ពេលសរសេរអត្ថបទនេះរួច ទើបដឹងខ្លួនថា
ខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើន រឿងនៃឆាកជីវិតដ៏អត្តខាត់
ដែលមិននឹកស្មានថា ខ្ញុំបានសរសេរប្រាប់អ្នកក្នុងពេលនេះឡើយ។
ខ្ញុំគួរតែចងចាំប្រភពខ្លួនឯងឱ្យច្បាស់
ដើម្បីដាស់ខ្លួនឯងគ្រប់ពេលដែលខ្ញុំដើរវង្វេងផ្លូវ។
ផ្លូវជីវិតប្រហែលជាមិនវែងពេកទេ តែអាចជាវេលាសមល្មមហើយ
បើយើងព្រមដើរលើផ្លូវត្រូវតាំងពីវិនាទីនេះទៅ៕
No comments:
Post a Comment