តាត្រសក់ផ្អែម
រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ
។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស
"វរ្ម័ន" នៅសម័យអង្គរ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំងទាំងជនជាតិខ្មែរ
បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ
នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់
របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។
កន្លងមកយើងធ្លាប់ឮ
ធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរសិល្ប៍សៀវភៅប្រវត្តិសាស្រ្ដ
សៀវភៅប្រជុំរឿងព្រេង ហើយស្នាដៃទាំងនោះមានភាពស្រដៀងៗគ្នា។ ចំណែកពេលនេះ
ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន
ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទងទៅនឹងប្រវត្តិទីតាំង
ស្ថាននាម មួយចំនួន នៅតំបន់អង្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា
រហូតដល់សព្វថ្ងៃនេះ ។ ហេតុផល នៃការលើកយករឿងនេះមកអធិប្បាយ
ក្នុងគោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។
ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង
ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ "ដប់ថ្ងៃនៅទីក្រុង
អង្គរ" តម្កល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។
សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម
ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។
ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត
ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា
ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ
វាគ្រាន់តែជារឿងព្រេងនិទាន
ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត
ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤
ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ
តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ?
ចំពោះទស្សន:ខ្ញុំ យល់ថា បាន,
ទោះបីជារឿងតាត្រសក់ផ្អែមរបស់ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០
ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។
បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។
ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ
ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិការណ៍សង្គម ជីវភាពរបស់ខ្មែរ
នៅចុងសម័យអង្គរ ។ ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន
ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ :
កាលដើមឡើយ មានឥសីមួយអង្គ
គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ
ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន
ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល
កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង
ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។
ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ
ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ
ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ
តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ
ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។
ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល
រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្
រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក
អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ
ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។
អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។
នៅពេលមានគ្រួសារហើយអតីតតាឥសីបានខិតខំប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតជា
ធម្មតាក្នុងតួនាទីជាមេគ្រួសារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌
ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង
គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ
ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ
ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ
រហូតដល់ ពេលវាចេះនិយាយ ។
ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា :
អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ
ចាំឯងធំសិនចាំអញប្រាប់ !
ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ
ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩
ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ
បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ?
ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ
(មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ !
ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ !
ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដែលម្ដាយបង្ហាញ ។
គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ
គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។
អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់
តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់
រួចនិម្មិតប្រាប់បុត្ររបស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ
លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយ តាឥសីបាន
និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក
បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង
បុរសលាកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ
តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ !
ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដេកលក់ទៅ មាន
និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា :
តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ :
ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់
ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា
សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក
ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត
នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ
កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប
នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ
គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ
តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច
គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត
ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏
ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។
ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង
ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។
ពេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត ។ បុរសយើង ក៏ត្រឡប់
មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។
ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា
ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។
លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។
ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។
ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល
ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន
ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់
ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា :
កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ
ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម
បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន
ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស
ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។
ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏
យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។
ចងក្រងដោយលោក៖ គង់ មករា
No comments:
Post a Comment